ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ
ខ្ញុំតែងតែមានភាពភ័យខ្លាចប្រៀបបានទៅនឹងបក្សី ហើយតែងតែមានសភាពញ័រទទ្រើតប្រៀបបានទៅនឹងក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិដ៏ខ្វាត់ខ្វែង។
ខ្ញុំធ្លាប់ត្រូវបានគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។
ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់ មិនថាថ្ងៃ។
ខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងភាពទុរគតអត់ឃ្លាន។
សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅតូចសោះឡើយ។
ខ្ញុំដើរកកាយគំនរសំរាមពេញមួយថ្ងៃដោយសង្ឃឹមថានឹងជួបនូវសំណាង។
ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។
ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។
ខ្ញុំលូនចេញមកក្រៅរាល់ៗយប់ដោយសង្ឃឹមថានឹងអាចរកឃើញមាសមួយបាវដែលគេលួចយកមកលាក់ចោលនៅក្នុងវាលស្រែ។
ខ្ញុំតែងតែភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅនៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ។
ខ្ញុំតែងធ្វើការសព្វយ៉ាងដោយមិនរើសមុខ ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។
ខ្ញុំគូររូបរបស់ខ្ញុំទាំងទឹកភ្នែក ដើម្បីបិទបាំងនូវសេចក្តីវេទនាឈឺចាប់របស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងរបស់ខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសន្ដោសដល់ការបដិសន្ធិរបស់ខ្ញុំ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី